យោងតាមផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតម្រូវឲ្យរោងចក្រនានានៅក្នុងរាធានីភ្នំពេញផ្លាស់ទីទៅកាន់តំបន់ជាយក្រុង ជាពិសេសនៅផ្លូវក្រវ៉ាត់ក្រុងទី ៣ ផ្លូវជាតិ ៥១។ ក្រុមហ៊ុនវិនិយោគធំៗជាច្រើនបានចាប់ផ្ដើមអភិវឌ្ឍសួនសេដ្ឋកិច្ច រោងចក្រឧស្សាហកម្ម ផែស្ងួត ឃ្លាំង ផ្សារ បុរី លំនៅឋាន និងដីឡូតិ៍។ល។ ជាក់ស្តែងក្រុមហ៊ុន ICOC របស់អ្នកឧញ្ញ៉ា ពុង ខៀវសែ បាននឹងកំពុងអភិវឌ្ឍ «សួនឧស្សាហកម្ម កាណាឌីយ៉ា NR ៥១» ដែលស្ថិតនៅលើផ្លូវជាតិ ៥១ ត្រង់ភូមិ រោងដំរី ឃុំ ភ្នំតូច ស្រុក ឧដុង្គ ខេត្ត កំពង់ស្ពឺ នៅលើផ្ទៃដី ៣០០០ ហិចតា។ នៅមិនឆ្ងាយគ្នាប៉ុន្មាន ក្រុមហ៊ុនរបស់អ្នកឧញ្ញ៉ា ទ្រី ភាព ក៏បានបង្កើតឃ្លាំង ផែស្ងួត និងការ៉ាស់សាំងនៅតំបន់នោះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ មានរោងចក្រ សហគ្រាស ឃ្លាំងម៉ូតូ រថយន្ត ផ្សារ ក្រុមហ៊ុន ធនាគារជាច្រើនទៀតកកើតឡើងជាបន្តបន្ទាប់ ដែលនឹងក្លាយជាទីប្រជុំជន មានមនុស្សរស់នៅកុះករផងដែរ។
ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុនអចលនទ្រព្យជាច្រើនកំពុងចាប់ឳកាស និងដុតដៃដុតជើងអភិវឌ្ឍគម្រោងផ្សារ បុរី លំនៅឋាន និងដីឡូតិ៍ ជាដើម។ ក្នុងនោះដែរក្រុមហ៊ុន សុង ហ៊ុន អចលនទ្រព្យក៏បានអភិវឌ្ឍគម្រោងដីឡួតិ៍មួយកន្លែងជាប់នឹងគម្រោង «សួនឧស្សាហកម្ម កាណាឌីយ៉ា NR ៥១» ប៉ែកខាងជើង និងស្ថិតនៅក្នុងភូមិ រោងដំរី ឃុំ ភ្នំតូច ស្រុក ឧដុង្គ ខេត្ត កំពង់ស្ពឺ ដូចគ្នាផងដែរ។ តាមការបញ្ជាក់របស់លោក ឌី ពិសី អគ្គនាយកនៃក្រុមហ៊ុននេះបានបញ្ជាក់ថា លោកមានគោលបំណងចង់ឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការប្រកបការងារ និងមុខរបរ ជាពិសេសកម្មកររោងចក្រមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅធ្វើការ ព្រោះថាគម្រោងដីឡូតិ៍នេះនៅចម្ងាយត្រឹមតែ ៣០០ ម៉ែត្រ ប៉ុណ្ណោះពីបរិវេណសួនឧស្សាហកម្ម ម៉្សាងទៀតក៏មានផ្លូវត្រង់ចូលតាមច្រកចំហៀងសួនឧស្សាហកម្មថែមទៀតផងដែរ។ លោកបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុនរបស់លោកនឹងអភិវឌ្ឍពង្រីកគម្រោងនេះបន្តបន្ទាប់ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ដោយមានបង្គោលភ្លើងបំពាក់សូឡា ប្រព័ន្ធទឹក ប្រព័ន្ធភ្លើងរដ្ឋ ដាក់លូ ផ្លូវក្រាលបេតុងលើផ្លូវ ១០ ម៉ែត្រ និង ៨ ម៉ែត្រ ពាសពេញគម្រោងតែម្តង។



