បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយនឹងធនាគារជាតិនៃកម្ពុជាបានបង្ហាញទិន្នន័យទុនវិនិយោគពីបរទេសនៅក្នុងប្រទេសកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ២០១៩ រហូតដល់ដំណាច់ឆ្នាំ ២០២១ បើទោះបីជាប្រទេសកម្ពុជាត្រូវរងឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ ១៩ ក្តី ។ ស្របពេលបច្ចុប្បន្នស្ថានភាពកូវីដនៅក្នុងប្រទេសកម្ពុជាមានភាពធូរប្រសើរច្រើន ត្រូវបានអ្នកជំនាញលើកឡើងថា រំហូរវិនិយោគិនបរទេសនឹងសម្រុកចូលមកវិនិយោគនៅកម្ពុជាវិញក្នុងពេលឆាប់ៗ ។

លោក ច្រឹក សុខនីម ជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើង នាពេលកន្លងទៅថា ដោយសារស្ថានភាពកូវីដ ១៩ នៅកម្ពុជា មានភាពល្អប្រសើរ ដូច្នេះវិនិយោគិនបរទេស នឹងចូលមកកម្ពុជាវិញនៅពេលឆាប់ៗនេះ លោកបន្តថា អ្នកវិនិយោគ អាចនៅពាក់កណ្ដាលឆ្នាំ ឬ ចុងឆ្នាំ ២០២២ នេះ ។

ក្នុងនោះផងដែរ ដោយសារតែស្ថានភាពនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរច្រើន ម្លោះហើយវិនិយោគិនបរទេសនឹងចូលមកវិនិយោគក្នុងប្រទេសកម្ពុជាវិញឆាប់ៗនេះ អាចនៅពាក់កណ្តាលឆ្នាំ ឬ ចុងឆ្នាំ ២០២២ នេះ ។ នេះបើតាមការលើកឡើងរបស់លោក ច្រឹក សុខនីម ជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ។
បច្ចុប្បន្ននេះប្រទេសធំៗជាច្រើនរួមមានប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងជាដើម ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា មិនតែប៉ុណ្ណោះតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជាជាមួយប្រទេសចិន និងកូរ៉េ ដែលទើបតែបង្កើតឡើងថ្មីៗនេះនឹងធ្វើឲ្យរំហូរវិនិយោគផ្ទាល់មកកាន់កម្ពុជា កាន់តែមានកំណើនឡើងបន្តថែមទៀត ស្របពេលដែលស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជាបានធូរស្រាលឡើងវិញ ។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០១៩ រំហូរទុនវិនិយោគពីបរទេសនៅកម្ពុជា មានចំនួនប្រមាណ ៣,៤ ពាន់លានដុល្លារ ឆ្នាំ ២០២០ បានបន្តកើនឡើងក្នុងទំហំតិចតួចប្រមាណ ៣,៦ ពាន់លានដុល្លារអាមេរិក និងឆ្នាំ ២០២១ កើនដល់ ៤,៥ ពាន់លានដុល្លារអាមេរិក។ ដោយឡែក ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២២ ទុនវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងដល់ទំហំជិតពាក់កណ្ដាលនៃឆ្នាំ ២០២១ គឺប្រមាណ ២ ពាន់លានដុល្លារអាមេរិក ៕


