ភ្នំពេញៈ វិស័យអចលនទ្រព្យកកម្ពុជា នៅតែបន្តផ្ដល់ឱកាសដល់អ្នកវិនិយោគ ក្នុងការរកប្រាក់ចំណេញបន្ថែមទៀត បើទោះបីជាបច្ចុប្បន្ននេះ វិស័យនេះមានការរីកចម្រើន និងមានការអភិវឌ្ឍខ្លាំង ក៏ដូចជាមានអ្នកវិនិយោគច្រើនក្ដី។
លោកឈុន សម្ផស្ស នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Century 21 Premium Realty បានឲ្យដឹងនាព្រឹកថ្ងៃទី ៣ ឧសភានេះថា វិស័យអចលនទ្រព្យកម្ពុជា ឃើញថាបានរីកចម្រើនជាបន្តបន្ទាប់ក្នុងរយៈពេល ៤០ ឆ្នាំ មកហើយ ហើយបច្ចុប្បន្ននេះ វិស័យអចលនទ្រព្យអាចត្រូវបានចាត់ទុកជាប្រវត្តិសាស្ត្រមួយ ពីព្រោះយើងមិនធ្លាប់មានអគារខ្ពស់ សំណង់រីកដុះដាលបែបនេះឡើយ ។
លោកបន្តថា “នៅពេលអនាគត វិស័យនេះនឹងកាន់តែមានសន្ទុះ និងផ្ដល់ជាឱកាសដល់វិនិយោគិន ក្នុងការបណ្ដាក់ទុនវិនិយោគស្វែងរកប្រាក់ចំណេញ”។ លោកបន្តថា “បច្ចុប្បន្ននេះ កម្ពុជាមានឱកាសច្រើនក្នុងការផ្ដល់ជូនអ្នកវិនិយោគដោយសព្វថ្ងៃនេះ យើងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ យ៉ាងច្រើន ហើយរដ្ឋាភិបាលក៏បានកំណត់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ចំនួន ៤ សម្រាប់វិនិយោគិនក្នុងការជ្រើសរើសរួមមានខេត្តព្រះសីហនុ សៀមរាប ភ្នំពេញ និងខេត្តមណ្ឌលគីរ ”។
លោកបន្តទៀតថា ប៉ូលទាំង ៤ នេះ នឹងធ្វើឲ្យមានការទាក់ទាញដល់វិនិយោគិន ខណៈរដ្ឋាភិបាល ក៏បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តប៉ូលសំខាន់ៗដូចជា ព្រះសីហនុ សៀមរាប និងតភ្ជាប់ពីប៉ូលមួយទៅប៉ូលមួយទៀត ដើម្បីសម្រួលដល់ការតភ្ជាប់ការវិនិយោគរវាងប៉ូលនីមួយៗ។
លោកបន្ថែមថា រយៈពេលជាង ៤០ ឆ្នាំ មកហើយ លោកមិនធ្លាប់ដែលបានឃើញការអភិវឌ្ឍវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានសភាពបែបនេះឡើយ ហើយលោកជឿជាក់យ៉ាងមុតមាំថា វិស័យនេះនឹងកាន់តែរីកចម្រើនបន្ថែមទៀត ស្របពេលគម្រោរបស់រដ្ឋាភិបាលជាច្រើនទៀតក៏បាន និងកំពុងរៀបចំអភិវឌ្ឍជាបណ្ដើរៗផងដែរ ដូច្នេះនៅពេលគម្រោងទាំងនោះដំណើរការនឹងកាន់តែបង្ហាញសក្ដានុពលកាន់តែខ្លាំងបន្ថែមទៀត។
ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានលើកឡើងថា វិស័យអចលនទ្រព្យកម្ពុជានឹងមានសន្ទុះឡើងវិញនៅពេលខាងមុខ បន្ទាប់ពីទទួលរងផលប៉ះពាល់ដោយសារតែកូវីដ ១៩ ហើយនៅពាក់កណ្ដាលឆ្នាំ ឬ ចុងឆ្នាំ ២០២២ នេះ សន្ទុះវិនិយោគពីបរទេសនឹងអាចងើបឡើងវិញ ។
យ៉ាងណាក្ដី ក្នុងស្ថានភាពមិនទាន់ច្បាស់លាស់បែបនេះ អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជាមួយចំនួន បានជំរុញឲ្យវិនិយោគិនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវសិក្សាទីផ្សារឲ្យបានច្បាស់លាស់មុននឹងបណ្ដាក់ទុនវិនិយោគ៕
ប្រភពពី៖ Property Area



